បច្ចេកវិទ្យា

ក្រុមហ៊ុនយក្ស Google សម្រេចបង់ប្រាក់ជាង ៤០០លានដុល្លារ ដើម្បីបញ្ចប់ប.-ណ្ដឹងលួ.-ចទីតាំងពីអ្នកប្រើប្រាស់…

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រឈមមុខនឹងបណ្តឹងចោទប្រកាន់មួយនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ ទាក់ទិននឹងការស៊ើបអង្កេតទៅលើការអនុវត្តការតាមដានទីតាំងអ្នកប្រើប្រាស់ដោយខុសច្បាប់។ ខណៈព័ត៌មានថ្មីនេះបង្ហាញថា Google សម្រេចបញ្ចប់បណ្តឹងនោះហើយ ពោលគឺ Google បានយល់ព្រមបង់ប្រាក់សរុបចំនួន ៣៩១.៥លានដុល្លារ ដើម្បីដោះស្រាយទៅលើការស៊ើបអង្កេតការលួចយកទីតាំងអ្នកប្រើប្រាស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

Thank you for reading this post, don't forget to subscribe!

យោងតាមសេចក្តីថ្លែងការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយអគ្គមេធាវីរដ្ឋ Oregon លោកស្រី Ellen Rosenblum ដែលបានដឹកនាំការចរចារជាមួយសមភាគីដើមបណ្តឹងលោក Duong Peterson តំណាងរដ្ឋ Nebraska បានឱ្យដឹងថា ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងសម្រេចយល់ព្រមតាមផ្លូវច្បាប់ ដោយធ្វើការ«Update មុខងារតាមដានទីតាំងអ្នកប្រើប្រាស់នៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីផ្តល់នូវការគ្រប់គ្រង និងតម្លាភាពកាន់តែច្រើនលើទិន្នន័យទីតាំង»។

ជុំវិញការផ្លាស់ប្តូរនេះអ្នកនាំពាក្យ Google បាននិយាយថា ចាប់ផ្តើមពីដើមឆ្នាំក្រោយតទៅ Google នឹងដាក់ចេញមុខងារលុបទិន្នន័យទីតាំង (delete location data) សម្រាប់អតិថិជនចាស់របស់ខ្លួន ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ថ្មីនឹងទទួលបានមុខងារកំណត់ពេលវេលា ខណៈដែលពេលវេលាកំណត់នៅលើទីតាំងនោះបានផុតកំណត់វានឹងត្រូវបានលុបដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញលោកស្រី Ellen Rosenblum បានបន្ថែមទៀតថា ទាក់ទិននឹងបញ្ហានេះ «Google ត្រូវបានរកឃើញថាបានបំភាន់អ្នកប្រើប្រាស់ទៅលើការតាមដានទិន្នន័យទីតាំងចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ ដែលគិតមកទល់ពេលនេះមានវាមានរយៈពេលជាង ១០ឆ្នាំដែល Google បានកំណត់ប្រាក់ចំណេញជាអាទិភាពលើភាពឯកជនអ្នកប្រើប្រាស់របស់ពួកគេ»។ ដោយកន្លងមក «អ្នកប្រើប្រាស់សេវាកម្ម Google គិតថាពួកគេបានបិទមុខងារតាមដានទីតាំងនៅលើ Google ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្ត Record រាល់សកម្មភាពរបស់ពួកគេដោយសម្ងាត់ និងប្រើប្រាស់ព័ត៌មាននោះសម្រាប់អ្នកលក់ទៅឱ្យអ្នកផ្សាយពាណិជ្ជកម្ម»។

គួរបញ្ជាក់ដែរថា បណ្តឹងនេះធ្លាប់បានដាក់ពាក្យប្តឹងជាលើកដំបូងកាលពីឆ្នាំ២០១៨ ម្តងរួចទៅហើយ ប៉ុន្តែ Google ហាក់មិនខ្វល់នឹងការចោទប្រកាន់នោះឡើយ ទើបរហូតមកដល់ខែមករាដើមឆ្នាំ២០២២នេះ Google ត្រូវបានដាក់ពាក្យប្តឹងជាថ្មីម្តងទៀត ដោយលើកនេះមានរដ្ឋចំនួន ៤០នៅក្នុងសហរដ្ឋអាមេរិកបានចូលរួមប្រឆាំង៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button