ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបដិសេធ និងច្រានចោលនូវព័ត៌មានមិនពិតនៅលើបណ្តាញសង្គម Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅបឹងកក់…

ថ្មីៗនេះនេះមានការបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមTiktok ដែលលើកឡើងថាមានជនជាតិចិន​រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅបឹងកក់នោះ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីស្រាយបំភ្លឺ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្តីពីការចុះផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម​ Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក​។

បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម​ Tik Tok ភ្លាម​ ថាមានជនជាតិចិនលួចរត់ចេញពីកន្លែងធ្វើចតាឡីស័ក​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅអធិការនគរបាលខណ្ឌ​ដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ​ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង​ ដោយមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹងនាំដោយលោក​  សុ​ខ​ ពេញវុធ​ ភិបាលខណ្ឌដូនពេញ​

លោកវរសេនេយ៍ឯក ទៀង​ ចាន់សារ​អធិការនគរបាលខណ្ឌដូនពេញ​ លោកនាយប៉ុស្តិ៍នគរបាលស្រះចក​ បានចុះធ្វេីការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់​ ភូមិទី២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញម្តម្រង់ជួរ​ ដេីម្បីធ្វេីការត្រួតពិនិត្យ​ និងរាប់ចំនួនជាក់ស្តែង​ ក្រោយពីការរាប់​ និងត្រួតពិនិត្យ​ ឃើញថាមានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ​ ឬជនជាតិណាម្នាក់ដែលកំពុងធ្វើចត្តាឡីស័ក​ ដូចការចុះផ្សាយរបស់គណនី​ Tik Tok ខាងលើនោះទេ​ ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថាជនជាតិមួយក្រុមនោះបានជិះរថយន្តមកឈប់បត់ជើងតូចនៅតំបន់នោះតែប៉ុណ្ណោះ​ មិនមែនជាជនជាតិចិនរត់ចេញពីកន្លែងចត្តាឡីស័កនោះទេ​ ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ​ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ​ ។

សូមសហការផ្សព្វផ្សាយតែព័ត៌មានពិត​ និងលុបបំបាត់ឲ្យបាននូវព័ត៌មានមិនពិត​ ៕

Leave a Reply

Your email address will not be published. Required fields are marked *