ទីបំផុតកម្ពុជាមានរោងចក្រចម្រាញ់រ៉ែមាស ដំបូងបង្អស់រសប់កុម្ពុជាដែលអាចផលិតមាសបាន៣តោនក្នុងមួយឆ្នាំ…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

Leave a Reply

Your email address will not be published. Required fields are marked *