ពលករចំនួន៤៥នាក់ បម្រុងនឹងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃទៅហើយ ស្រាប់តែកម្លាំងចម្រុះឈរជើងតាមព្រំដែនទៅទាន់គឺថា…

(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១)៖ពលករចំនួន ៤៥នាក់ ក្នុងនោះមានស្ត្រី២៣នាក់មកពីបណ្តាខេត្តមួយចំនួន ដែលបម្រុងលួចឆ្លង ដែន ខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅពេល ដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថានៅវេលាម៉ោង១រំលងអាធ្រាត ឈានចូល ថ្ងៃទី១១ លោកបានដឹកនាំកម្លាំងចំរុះ១ក្រុមចុះល្បាតនៅចំណុចភូមិល្បើកស្វាយ ក៏បានជួបពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង យើង ឃាត់ខ្លួន។

ក្រោយពីបានឃាត់ខ្លួនពលករទាំង៤៥នាក់ ហើយបានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ ជាពិសេសសូមបន្តចូលរួមប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដដោយអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ប្រភព: SEATV News 24 Hours

Leave a Reply

Your email address will not be published. Required fields are marked *