តោះមកស្គាល់ប្រវត្តិនៃនិមិត្តសញ្ញាខេត្តកំពង់ធំ ដែលទើបនឹងដាក់បង្ហាញរូបរាងនៅគល់ស្ពានស្ទឹងសែនកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ…

ខេត្តកំពង់ធំ៖ និមិត្តសញ្ញានៃខេត្តកំពង់ធំ ត្រូវបានដាក់បង្ហាញរូបរាងនៅគល់ស្ពានស្ទឹងសែន-ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២០  ខែ កក្កដា  ឆ្នាំ ២០២១នេះ។ និមិត្តសញ្ញាខេត្តកំពង់ធំ ត្រូវបានកសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព នៅលើទីតាំងសួនសម្តេចតេជោហ៊ុនសែន នាមាត់ស្ទឹងសែន។

នៅក្នុងនិមិត្តសញ្ញានេះរួមមាន៖

– ប្រាសាទយាយព័ន្ធ៖ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា

– រូបបដិមាតោ៖ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា

– រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ

– កួរស្រូវ៖ តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ

– ដើមឈើ៖ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម។

ការដាក់តាំងនិមិត្តសញ្ញានៃខេត្តកំពង់ធំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម និងសហការ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត៕ប្រភព: ស្ទឹងសែនប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *